កំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត បច្ចុប្បន្នកំពុងវិវត្តខ្លួន ក្លាយជាច្រកទ្វារអន្តរជាតិផ្លូវសមុទ្រយ៉ាងសំខាន់ លើការតភ្ជាប់ការដឹកជញ្ជូនភ្ញៀវទេសចរ ទៅកាន់បណ្តាកោះនានា នៅភាគខាងត្បូង និងតភ្ជាប់ខេត្តកំពត របស់កម្ពុជា ទៅកាន់ពិភពលោក។ តាមរយៈកំពង់ផែនេះ នឹងជួយជម្រុញបន្ថែម ការអភិវឌ្ឍទេសចរណ៍ និងផ្នែកពាក់ព័ន្ធនានា នៅខេត្តកំពត រមណីយដ្ឋានភ្នំបូកគោ និងគោលដៅទេសចរណ៍ តំបន់ឆ្នេរសមុទ្ររបស់កម្ពុជា ផងដែរ។
កំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត មានទីតាំងស្ថិតនៅ ភូមិជុំគ្រៀល ឃុំជុំគ្រៀល ស្រុកទឹកឈូ ខេត្តកំពត បានបើកដំណើរការ បណ្តោះអាសន្នរយៈពេល ៣ខែ គិតចាប់ពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤ រហូតដល់ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥។
គួរឱ្យដឹងដែរថា កាលពីថ្ងៃ ១៥កុម្ភៈកន្លងទៅនេះ ក្រុមហ៊ុនហ៊ុនដឹកជញ្ជូនផ្លូវទឹកសមុទ្រ Buva Sea Cambodia ដែលជាបុត្រសម្ព័ន្ធរបស់ វីរៈ ប៊ុនថាំ បានដំណើរការដឹកអ្នកដំណើរ ជាលើកដំបូងនៅ កំពង់ផែទេសចរណ៍កំពត ក្នុងទិសដៅតភ្ជាប់ទៅកាន់ កោះរុង កោះរុងសន្លឹម នៃខេត្តព្រះសីហនុ និង កោះស្តេច នៃខេត្តកោះកុង ដោយទទួលបានអ្នកដំណើរជាតិ និងអន្តរជាតិ យ៉ាងច្រើនកុះករ ផងដែរ។
ប្រភព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន