គិតត្រឹមថ្ងៃទី ២០ មករា ឆ្នាំ២០២៥នេះ គម្រោងសាងសង់ «អាកាសយានដ្ឋានអន្តរជាតិតេជោ» លំដាប់ 4F របស់កម្ពុជា សម្រេចការងារសាងសង់បានប្រមាណជាង ៩៤ ភាគរយ និង ចាយលុយអស់ប្រមាណជាង១ពាន់ ៤ រយលានដុល្លារអាម៉េរិក។ ការងារនៅប្រមាណ ៦ ភាគរយទៀត គឺជាការងារបច្ចេកទេស ការរៀបចំសំអាត និង រៀបចំបរិស្ថាន ដើម្បីត្រៀមបើដំណើរការ នៅអំឡុងខែកក្តដា ឆ្នាំ២០២៥នេះ។ នេះបើយោងតាមរបាយការណ៍ចុងក្រោយរបស់ក្រុមហ៊ុនអភិវឌ្ឍអាកាសយានដ្ឋានអន្តរជាតិតេជោ (ភ្នំពេញថ្មី) ។
សូមបញ្ជាក់ថា អាកាសយានដ្ឋានអន្តរជាតិតេជោ ចាប់ផ្តើមសាងសង់នៅ ឆ្នាំ២០២០ មានផ្ទៃដីសរុប ២,៦០០ហិកតា ស្ថិតនៅចម្ងាយ ១៩គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ។ អាកាសយានដ្ឋានអន្តរជាតិតេជោ ជាប្រភេទ 4F គឺប្រភេទព្រលានយន្តហោះធំ ដែលអាចនឹងស្រូបយក និងទទួលបានការហោះហើរពីឆ្ងាយឆ្លងទ្វីប ដែលអាចឱ្យប្រភេទយន្តហោះធុនយក្ស រហូតដល់ Airbus A380-800 និង យន្តហោះ Boeing 747-800 ចុះចតបាន។ ដំណាក់កាលទី១ អាចទទួលអ្នកដំណើរបាន ១៣ លាននាក់ក្នុង១ឆ្នាំ៕