
(ព្រះវិហារ)៖ លោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក នាថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥នេះ បានចាត់ឱ្យតំណាងនាំយកអំណោយជាស្បៀងអាហារ គ្រឿងឧបភោគបរិភោគ រួមទាំងថវិកាមួយចំនួនរបស់ប្រជាពលរដ្ឋ ដែលបានចូលរួមតាមរយៈរដ្ឋបាលស្រុកតាំងគោក ចុះប្រគល់ជូនដល់វីរៈកងទ័ពជួរមុខ ក្នុងទឹកដីខេត្តព្រះវិហារ តាមរយៈឧត្តមសេនីយ៍ ចន្ទ័ សុខុន មេបញ្ជាការកងពលតូចលេខ៨ ដើម្បីផ្គត់ផ្តង់ដល់វីរៈកងទ័ពជួរមុខ ពិសេសសមរភូមិភ្នំទ្រព្យ។
នាឱកាសនោះ លោក ហាក់ ម៉ុងហួត ក្រៅពីការថ្លែងអរគុណដល់ក្រុមការងារ ដែលបានពុះពារ ជម្នះឧបសគ្គ នាំយកអំណោយជាថវិកា គ្រឿងឧបភោគបរិភោគ ជូនដល់វីរៈកងទ័ពជួរមុខហើយនោះ ក៏បានថ្លែងនូវការអរគុណចំពោះទឹកចិត្តដ៏ល្អប្រពៃរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានដែលបានគិតគូរ ដល់វីវៈកងទ័ព ដែលកំពុងទប់ទល់ជាមួយនឹងការឈ្លានពានរបស់កងទ័ពសៀមផងដែរ។
លោក ហាក់ ម៉ុងហួត ក្នុងនាមរដ្ឋបាលស្រុកតាំងគោក រួមទាំងប្រជាពលរដ្ឋទូទាំងស្រុក សូមបួងសួងដល់ទេវតា ជួយបីបាច់ថែរក្សាដល់បងប្អូនកងទ័ពនៅសមរភូមិមុខ និងជួយឱ្យឈ្នះអស់មារសត្រូវទាំងឡាយឱ្យបានឆាប់រហ័ស ដើម្បីការពារបូរណភាព និងទឹកដីរបស់កម្ពុជា ឱ្យបានរុងរឿងតទៅមុខទៀតផងដែរ។
សូមជម្រាបថា ការផ្ទុះអាវុធរវាងកម្ពុជា-ថៃ បានកើតឡើងនៅព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ នៅចំណុចប្រាសាទតាមាន់ធំ ខេត្តឧត្តរមានជ័យ ដោយបានរាលដាលទៅកាន់ចំណុចផ្សេងៗទៀត នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។ ការប្រយុទ្ធគ្នានេះ បានកើតឡើងបន្ទាប់ពីភាគីថៃ បានផ្ទុះអាវុធមុន នៅចំណុចប្រាសាទតាមាន់៕








