
(ភ្នំពេញ)៖ ព្រឹត្តិការណ៍កីឡាពិភពលោក (World Games) ឆ្នាំ២០២៥ នៅទីក្រុង Chengdu ប្រទេសចិន បានប្រព្រឹត្តពិធីបើកការប្រកួតជាផ្លូវការហើយ កាលពីល្ងាចថ្ងៃទី៧ ខែសីហាកន្លងទៅ ស្របពេលក្រុមកីឡាទូកនាគកម្ពុជា បានចូលរួមដង្ហែអបអរសាទរ ជាមួយទង់ជាតិខ្មែរ ដោយបានបង្ហាញនូវមោទនភាពជាខ្លាំង ដែលបានចូលរួមព្រឹត្តិការណ៍ធំនេះ។
លោក គង់ សុភាព គ្រូជំនួយក្រុមជម្រើសជាតិកម្ពុជា បានបញ្ជាក់ជាមួយទិដ្ឋភាព នៃពិធីបើកព្រឹត្តិការណ៍ខាងលើថា «កម្មវិធីបើកព្រឹត្តិការណ៍ប្រកួតកីឡាពិភពលោក ឆ្នាំ២០២៥ នៅខេត្ត Chengdu សាធារណរដ្ឋប្រជាមានិតចិន ។ ក្រុមទូកនាគកម្ពុជា ពិតជាមានមោទនភាពខ្លាំងណាស់ ដែលបានចូលរួមព្រឹត្តិការណ៍ដ៏ធំមួយនេះ មានប្រទេសចូលរួម រហូតដល់ ១១៧ប្រទេស ក្នុងនោះក៏មានទង់ជាតិកម្ពុជាផងដែរ»។
គួរដឹងថា ក្រុមទូកនាគកម្ពុជា បានចូលរួមព្រឹត្តិការណ៍ World Games នេះជាលើកដំបូង បន្ទាប់ពីឆ្លងកាត់ការប្រកួតជម្រុះ នៅប្រទេសហ្វីលីពីន កាលពីឆ្នាំ២០២៤ កន្លងទៅ ដើម្បីចម្រាញ់ក្រុមខ្លាំង ១២ប្រទេស សម្រាប់ធ្វើការប្រកួតចុំផ្ដាច់ព្រ័ត្រ នៅថ្ងៃទី៩-១០ ខែសីហាចុងសប្ដាហ៍នេះ។ ចំពោះអត្តពលិកចូលរួមប្រកួតលើប្រភេទកីឡាទូកនាគនេះ ក្រៅពីកម្ពុជា គឺមានម្ចាស់ផ្ទះចិន កូរ៉េខាងត្បូង អ៊ុយក្រែន អេស្ប៉ាញ ឥណ្ឌូនេស៊ី ឆាយនីសតៃប៉ិ សាធារណរដ្ឋឆេក ហុងគ្រី ថៃ មីយ៉ាន់ម៉ា និងហ្វីលីពីន។
លោក គង់ សុភាព បានបង្ហាញទំនុកចិត្តយ៉ាងមុតមាំលើក្រុមកីឡាករ-កីឡាការិនីកម្ពុជា ក្នុងការឈានទៅប្រជែងមេដាយជូនជាតិ ដោយផ្អែកលើការខំប្រឹងហ្វឹកហាត់ និងគោរពវិន័យ។ លោកថា «កីឡាទូកនេះ គិតលើថិរវេលា ហើយផ្អែកលើការព្យាយាមហ្វឹកហាត់កន្លងមក ក៏ដូចជាលទ្ធផលនៃការធ្វើតេស្ដ យើងឃើញពួកគាត់ឈានដល់ចំណុចមួយ ដែលអាចទទួលបានមេដាយ។ នេះគឺជាក្ដីសង្ឃឹម ហើយយើងមានសុទិដ្ឋិនិយមថា ពួកគាត់នឹងធ្វើបានល្អ ហើយអាចដណ្ដើមបានមេដាយក្នុងការប្រកួតលើកដំបូង ក្នុងព្រឹត្តិការណ៍ World Games ឆ្នាំ២០២៥ នេះ»។
សូមបញ្ជាក់ថា ព្រឹត្តិការណ៍ World Games 2025 ដែលចិនធ្វើម្ចាស់ផ្ទះ គ្រោងប្រព្រឹត្តទៅពីថ្ងៃទី៧-១៧ ខែសីហាខាងមុខ ដោយមានកីឡាចំនួន ៣៤ប្រភេទ ត្រូវធ្វើការប្រកួតប្រជែង គ្រាដែលកម្ពុជា ក្រៅពីក្រុមកីឡាទូកនាគ ក៏មានក្រុមកីឡាជឺជីតស៊ូចូលរួមការប្រកួតនេះជាលើកដំបូងផងដែរ៕







