គិតត្រឹមថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥ ការដ្ឋានសាងសង់ស្ពានអាកាសមរតកតេជោ សម្រេចវឌ្ឍនភាពបាន ៩៩%ហើយ ដែលនឹងត្រូវបញ្ចប់ការសាងសង់ទាំងស្រុងនៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥ ខាងមុខនេះ។
ស្ពានអាកាសកំពស់ ២ជាន់នេះ នឹងជួយលំហូរចរាចរបានល្អប្រសើរ និងកាត់បន្ថយការកកស្ទះចរាចរនៅចំណុចប្រសព្វរវាងមហាវិថី ព្រះមុនីវង្ស មហាវិថីកងយោធពលខេមរភូមិន្ទ និងមហាវិថី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន។
សូមជម្រាបជូនថា ស្ពានអាកាស “មរតកតេជោ” មានកំពស់ ២ជាន់នេះ ត្រូវបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២។ ការសាងសង់ស្ពានអាកាសថ្មីនេះ គឺដើម្បីសម្រួលការធ្វើចរាចរណ៍ក្នុងរាជធានីភ្នំពេញ ដែលមានកំណើនយានយន្ត និងការធ្វើចរាចរណ៍កាន់តែច្រើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ។ ស្ពានអាកាសនេះ ស្ថិតក្នុងទឹកដីខណ្ឌចំការមន និងខណ្ឌមានជ័យនិង សាងសង់ដោយក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា (OCIC) សាងសង់ក្នុងទឹកប្រាក់ ៣៦,៧៧ដុល្លារ និងចំណាយពេលវេលាសាងសង់ជាង ៣០ខែក្នុងការសាងសង់៕