
(សៀមរាប)៖ នាថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥ លោក ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប បាននាំយកនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ និងនាំយកអំណោយរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់បងប្អូនកងទ័ព ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ក្នុងពេលដែលលោកចុះសួរសុខទុក្ខបងប្អូនកងទ័ព កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ជាមួយនិងសហការី។
ក្នុងឱកាសនោះ លោក ប្រាក់ សោភ័ណ បានបញ្ជាក់ពីទឹកចិត្តគោរពកោតសរសើរម្តងហើយម្តងទៀត និងដឹងគុណចំពោះវីរភាពរបស់បងប្អូនកងទ័ពយើងទាំងអស់ ដែលបានតស៊ូ លះបង់សាច់ស្រស់ ឈាមស្រស់ ដើម្បីបុព្វហេតុការពារបូរណភាពទឹកដី សេចក្តីសុខសន្តិភាពជូនជាតិ និងប្រជាជន ដែលបានលះបង់ខ្ពស់ប្រកបដោយភាពអង់អាចក្លាហាន តស៊ូតាមបន្ទាត់ព្រំដែន ដែលកំពុងមានការឈ្លានពានពីប្រទេសជិតខាង។
លោក ក៏បានសម្ដែងនូវអំណរគុណ ចំពោះក្រុមគ្រូពេទ្យ និងបុគ្គលិកសុខាភិបាលទាំងអស់ ដែលបានកំពុងបំពេញនាទីជាកងទ័ពអាវសជួរក្រោយ ឈរលើសាមគ្គីភាព ជាធ្លុងមួយ យកចិត្តទុកដាក់មិនរាថយ បម្រើការថែទាំព្យាបាលអ្នកជំងឺគ្រប់ស្ថានការ ប្រកបដោយវិជ្ជាជីវៈ និងសេចក្ដីស្រឡាញ់ អាណិតអាសូរ។
លោក ក៏បានលើកទឹកចិត្តដល់បងប្អូនកងទ័ពទាំងអស់ ដែលកំពុងសម្រាកព្យាបាល សូមគោរពតាមវេជ្ជបញ្ជារបស់ក្រុមគ្រូពេទ្យ ដើម្បីឆាប់បានជាសះស្បើយឡើងវិញ៕









