បងប្អូនដែលចង់ជិះសេះទន្សាយក្រហម, សូមអញ្ជើញមកជិះកម្សាន្តនៅកោះទ្រង់, សហគមន៍ទេសចរណ៍នៅទីនេះផ្តល់សេវាជូន! ថ្ងៃនេះ ខ្ញុំបាននាំឯកឧត្តមទូតម៉ាឡេស៊ីនិងសហការីមកស្គាល់រសជាតិទេសចរណ៍ធម្មជាតិមូលដ្ឋាន និងការនាំចេញនឹងកន្លែង។ ចំណាយត្រឹមតែ ៤០០០០ រៀលសម្រាប់រទេះសេះមួយ ហើយសម្រាប់រទេះគោតម្លៃមួយ ៦០០០០រៀល ហើយបងប្អូនអាចជួលកង់សហគមន៍ជិះ ឬក៏មានម៉ូតូផងដែរសម្រាប់មធ្យោបាយធ្វើដំណើរ។ បងប្អូនអាចគយគន់ទស្សនាកោះទំហំ ២៣៣ ហិកតា មានបងប្អូនរស់នៅ ៣៨៦ គ្រួសារនេះជាមួយទេសភាពល្អស្អាត មានផល្លានុផលស្រស់ ក្រូចថ្លុងដែលជាប់ជាផលិតផលសម្គាល់ភូមិសាស្ត្រ GI ដែលមានឱជារសឆ្ងាញ់ពិសា, ផ្លែចេក និងដំណាំរួមផ្សំផ្សេងទៀត។ ចំណែកប្រជាជនអ្នកកោះទ្រង់ក៏រួសរាយរាក់ទាក់។ ក្នុងនាមប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ ខ្ញុំសូមថ្លែងនូវការកោតសរសើរចំពោះអាជ្ញាធរខេត្ត ក្រុងក្រចេះ និងសង្កាត់កោះទ្រង់ដែលបានរៀបចំសហគមន៍ទេសចរណ៍នេះបានយ៉ាងល្អ និងសូមអំពាវនាវដល់បងប្អូននៅក្នុងខេត្តក្រចេះ ឬមកពីខេត្តផ្សេងៗទៀត អញ្ជើញមកទស្សនាកម្សាន្តនៅកោះទ្រង់!





